ការអានរឿងរ៉ាវក្នុងគម្ពីរបិតក

ខ្ញុំមិនសូវអានគម្ពីរបិតកច្រើន មិនសូវដឹងរឿងរ៉ាវច្រើនទេ ប៉ុន្តែខ្ញុំយល់ឃើញបែបនេះ ... ការយល់ថាជីវិតជាទុក្ខ វាមិនគួរធ្វើឲ្យចិត្តរងឥទ្ធិពលក្លាយជាមនុស្សទុទ្ទិដ្ឋិនិយមទេ វៀរលែងតែទុក្ខនេះ ត្រូវប្រែន័យរបស់វាផ្សេង និងយល់ប្រកាន់ផ្សេង មិនស្របតាមការបង្រៀនរបស់ព្រះពុទ្ធ ដូចជាក្នុងការបកស្រាយ ឬនិយមន័យខ្លះ ទុក្ខនេះត្រូវគេប្រែថាសភាពលំបាកកាយលំបាកចិត្តទៅវិញ។ 

ខ្ញុំ មតិផ្ទាល់ខ្លួនមិនសំគាល់ថាទុក្ខគឺបែបនេះទេ។ សម្រាប់អ្វីដែលខ្ញុំយល់ពីការរៀនសូត្រមក ទុក្ខមានន័យថា អ្វីៗវាមិនឋិតនៅជាដរាបទេ វាតែងតែបែកបាក់ បាត់បង់ទៅវិញ នៅទីបំផុតរបស់ខ្លួនវា ដូចការបង្រៀនរបស់ព្រះពុទ្ធសម្ដែងអំពីត្រៃលក្ខណ៍ពោលគឺ ទុក្ខំ អនិច្ចំ អនត្តា។ វាមាន ហើយវាប្រែលប្រួលៗៗៗ វាមិនទៀងទាត់ ព្រោះវាគ្មានអ្វីជារបស់ខ្លួន ជាអមតៈឡើយ។ 




ដោយយល់ឃើញច្បាស់បែបនេះ ទើបមនុស្សលែងប្រកាន់ខ្ជាប់នូវគ្រប់របស់ក្នុងលោកនេះ ទាំងការសប្បាយ ការសរសើរ កិត្តិយស ឬទ្រព្យសម្បត្តិទាំងឡាយទាំងពួង រួមទាំងបានទៅកើតជាព្រហ្ម ឬទេវតា និងទេពធីតានោះផងដែរ។ 

ប៉ុន្តែតើមនុស្សលោកយល់យ៉ាងម៉េចអោយពិតពីរឿងទុក្ខនេះ? ចម្លើយចំពោះរឿងនេះ ខ្ញុំយល់ថាវាអាស្រ័យទៅលើការយល់អត្ថន័យពិតប្រាកដរបស់ទុក្ខ។ បើមនុស្សយល់ថា ទុក្ខគឺចង់មានសេចក្ដីថាលំបាកកាយលំបាកចិត្ត មើល៍ទៅវាប្រាកដជាអាចធ្លាក់ចូលទៅក្នុងទុទ្ទិដ្ឋិនិយមខ្លះមែនហើយ មិនខុសពីជំនាន់ព្រះពុទ្ធគង់នៅ មានព្រះសង្ឃជាច្រើនអង្គនាំគ្នាសម្លាប់គ្នា ឬអោយគេសម្លាប់ ព្រោះនឿយណាយនឹងជីវិតដោយសារយល់ឃើញជីវិតជាទុក្ខ ជារបស់គួរខ្ពើម តាមរបៀបខុសនោះទេ។ 

ព្រះពុទ្ធជាបុគ្គលពាល់ត្រូវរឿងទុក្ខនេះច្បាស់មុនគេ ទ្រង់មិនប្រព្រឹត្តដូចនោះផង អ៊ីចឹងតើព្រះសង្ឃដែលសម្លាប់ខ្លួនឯង និងអោយគេសម្លាប់នោះ ចេះមកពីណា បានជាកើតទុទ្ទិដ្ឋិនិយមអំពីជីវិតបែបនេះ? គឺមកពីពួកគាត់យល់ខុសអំពីអត្ថន័យនៃរឿងទុក្ខនេះឯង បើតាមខ្ញុំពិចារណា។ 

ក្នុងអរិយសច្ចៈ ដែលមានអង្គទាំង៤ ជីវិតជាទុក្ខគឺជាការចាប់ផ្ដើមដែលសច្ចៈមុនគេបង្អស់។ បើគ្មានអង្គមុននេះទេ អង្គទាំងបីខាងក្រោយ មុខជាមិនប្រព្រឹត្តទៅបានទេ។ ប៉ុន្តែចុះបើយល់ខុសរឿងទុក្ខនេះវិញ តើរាប់ថាជាការស្គាល់សច្ចៈទីមួយនេះបានទេ? ទេ បើតាមខ្ញុំយល់។ វាគ្រាន់តែជាការយល់ខុសអំពីជីវិតជាទុក្ខ ឬមិច្ឆាទិដ្ឋិតែប៉ុណ្ណោះ ពុំមែនសម្មាទិដ្ឋិ ស្គាល់ជីវិតថាជាទុក្ខតាមន័យពិត ឬរាប់ថាស្គាល់សច្ចៈទីមួយនេះពិតទេ។ គឺគ្រាន់តែជាការយល់ខុស ឬច្រឡំដឹង ហើយដឹងច្រឡំអំពីជីវិតជាទុក្ខប៉ុណ្ណោះ។ 

ខ្ញុំ សព្វថ្ងៃ ពិតជាបារម្ភ ឬខ្លាចមែន ចំពោះការយល់ខុសនូវការបង្រៀនរបស់ព្រះពុទ្ធ ឬពុទ្ធវចនៈ ដែលបន្តមានដល់សព្វថ្ងៃនេះ។ ពាក្យទូន្មានចេះតែបន្តមាន ចេះតែមានការលើកមកនិយាយ មកបង្រៀន ប៉ុន្តែតើគេយល់ន័យពិតតាមសភាពពិតបានឬទេ? ឬគេយល់ខុស ច្រឡំដឹង ឬដឹងច្រឡំ?  

បើគេយល់ខុសហើយ មើលរូបភាពពីខាងក្រៅ មើលទៅគេនឿយណាយនឹងជីវិតណាស់ ប៉ុន្តែគេយល់ខុសទេ គេមិនយល់ពិយតាមអ្វីដែលព្រះពុទ្ធបង្រៀន ឬចង់អោយយើងយល់នោះទេ។ គេនឿយណាយនឹងជីវិត ព្រោះគេកើតមកក្រ វេទនា មិនសូវសមបំណង ផ្ទុយទៅវិញ បើគេបានកើតមកជាអ្នកមាន សំបូរសេចក្ដីសុខវិញ គេភ្លេចជីវិតជាទុក្ខជាមិនខាន។ បើគេកើតជាទេវតា ជាព្រះឥន្ធ ឬព្រហ្ម ជីវិតជាទុក្ខអីនេះ តែពាក្យមួយម៉ាត់ ក៏គេមិនទាំងលើកយកមកនិយាយផងមើល៍ទៅ។ 

ព្រោះគេយល់ខុសទេ គេមិននឿយណាយ ព្រោះគេពាល់ត្រូវ មានជាអារម្មណ៍ទេ។ គេនឿយណាយ ព្រោះគេពាល់ត្រូវសភាពខាងក្រៅ ព្រោះគេក្រ គេមិនល្បី គេមានបាបកម្មច្រើន ដូចជាសព្វថ្ងៃជាដើម កម្រមានអ្នកទ្រព្យច្រើនទៅបួសទេ។ ច្រើនតែកូនអ្នកក្រ អ្នកខ្សត់ខ្សោយ ស្ទើរទាំងអស់ទៅហើយ ទៅបួសនោះ។ 

មាត់ចេះតែសូត្រធម៌ទៅថាជីវិតជាទុក្ខ ប៉ុន្តែដឹកជញ្ជូនទ្រព្យចូលមិនដាច់ទេ។ កាន់តែឈ្មោះល្បី ទ្រព្យក៏រកបានច្រើនផងដែរ ហើយជាក់ស្ដែង អ្នកដែលថាជីវិតជាទុក្ខនោះ ដោយពិតទៅមានសឹងមិនបាន១ភាគរយនៃអ្នកទៅបួសរាប់ម៉ឺនអង្គនោះផង។